រាជធានីភ្នំពេញ៖…
វគ្គបណ្តុះបណ្តាលការយល់ដឹងអំពីផលិតផលបានផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍ដ៏មានតម្លៃ
ក្រុមហ៊ុនមីជាតិ និងទឹកពិសាវីតាល់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងអំពីផលិតផលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២០ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមពីបុគ្គលិកផ្នែកលក់ ផ្នែកទីផ្សារ និងផ្នែកកិច្ចការសាធារណៈនិងទំនាក់ទំនងប្រមាណ ១០០ នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ការយល់ដឹងសំខាន់ៗដល់និយោជិកទាក់ទងនឹងការយល់ដឹងអំពីផលិតផល ដើម្បីលើកកម្ពស់គុណភាពនៃការលក់ ផ្នែកទីផ្សារ និងការទំនាក់ទំនង។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រៅពីបានស្តាប់នូវការធ្វើបទបង្ហាញ និងការលើកយកឧទាហរណ៍ជាក់ស្តែងមកបង្រៀនពីសំណាក់អ្នកជំនាញ និយោជិកដែលចូលរួមក៏បានយល់ដឹងយ៉ាងច្បាស់ពីតម្លៃនៃមេរៀន ដែលរួមមាន សង្វាក់ផលិតកម្ម ការធានាគុណភាពផលិតផល និងយុទ្ធសាស្ត្រនៃការលក់។ នៅចុងបញ្ចប់នៃវគ្គនីមួយៗបុគ្គលិកដែលចូលរួមក៏ត្រូវបានផ្តល់ឱកាសឲ្យសួរសំណួរទាក់ទងនឹងប្រធានបទ។
លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ONE MORE MANUFACTURING CO., LTD បានមានប្រសាសន៍ថា“វគ្គបណ្តុះបណ្តាលនេះ ពិតជាផ្តល់នូវឱកាសដ៏ពិសេសសម្រាប់និយោជិក ក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់អំពីអ្វីទៅជា ការយល់ដឹងផ្នែកផលិតផល។ លោកបន្ថែមថា “ខ្ញុំសូមកោតសរសើរចំពោះរបៀបដែលអ្នកជំនាញធ្វើការបង្ហាញ និងចែកចាយចំណេះដឹង ព្រមទាំងរូបភាពផ្សេងៗដែលពាក់ព័ន្ធ ដែលអ្វីទាំងនេះពិតជាមានប្រយោជន៍សម្រាប់ការងារប្រចាំថ្ងៃរបស់យើង” ។
លោកក៏បានថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ ហើយបន្តមានប្រសាសន៍ថា “អ្នកទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានានូវគុណភាពផលិតផលរបស់យើង ដែលនេះហើយជាកត្តាលីករជំរុញឲ្យបេសកកម្មយើងទទួលបានជោគជ័យជានិច្ចយ៉ាងណាមិញ សូមថែរក្សាខ្លួនឲ្យបានល្អប្រសើរ មានសុវត្ថិភាពនិងមានសុខភាពល្អ” ។
ទន្ទឹមនឹងនេះ ដើម្បីធានាការការពារខ្លួនក្នុងកំឡុងពេលរាតត្បាតនៃវីរុសកូវីដ ១៩ ការអនុវត្តគោលការណ៍សុវត្ថិភាពក៏ត្រូវបានអនុវត្តផងដែរ ដូចជាការរៀបចំអង្គុយ (៥ នាក់ប៉ុណ្ណោះ ក្នុង ១តុ) សម្អាតដៃអោយបានញឹកញាប់ជាមួយសាប៊ូឬប្រើអាល់កុលលាងដៃដែលបានផ្តល់ជូន និងការពាក់ម៉ាសជាប់ជានិច្ច ។