skip to Main Content

វីតាល់បន្តរៀបចំកម្មវិធីបរិច្ចាគឈាមធំនៅសាកលវិទ្យាល័យសុខាភិបាលក្នុងឆ្នាំ២០២២

រាជធានីភ្នំពេញ៖ វីតាល់បានសហការរៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដ៏ធំនៅថ្ងៃទី២០ ធ្នូ ២០២២ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ដែលបានចូលរួមពីដៃគូរជាច្រើនរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុនវ័នហ្វ្រេតធើនីធី ឯ.ក. រួមទាំងបុគ្គលិក។

កម្មវិធីរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាមដល់អ្នកជំងឺកំពុងត្រូវការឈាមចាំបាច់។ នាឱកាសដ៏ពិសេសនេះដែរ ក៏មានការចូលរួមក្រោមអធិបតីភាពពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអ្នកឧកញ្ញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហហ៊ុនវ័នហ្រ្វេតធើនីធី (វីតាល់) លោកប្រធានមជ្ឍមណ្ឌលផ្តល់ឈាម និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំតំណាងដៃគូព្រមទាំង សាស្ត្រាចារ្យ-បុគ្គលិក និងនិស្សិតស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៣០០នាក់។

លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័នហ្វ្រេតធើនីធី (វីតាល់) បានថ្លែងឱ្យដឹងថា វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានក្លាយជាដៃគូយុទ្ធសាស្ត្រចាប់ពីឆ្នាំ២០១៣ រៀបចំកម្មវិធីបរិច្ចាគឈាម។ លោកជំទាវ បានបន្ថែមថា វីតាល់តែងកំណត់អាទិភាពរបស់ខ្លួនដោយផ្តល់នូវទឹកពិសាគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យជានិច្ច។ លើសពីនេះ ការចូលរួមសកម្មភាពសង្គមដូចជាកម្មវិធីបរិច្ចាគឈាមនាព្រឹកនេះដែលបានមកពីការគាំទ្រពេញនិយមលើផលិតផលវីតាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ខ្ញុំពិតជាកោតសរសើរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្ត្រាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់ផ្តល់អំណោយឈាមទាំងអស់ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា ​ស្ថានភាពសង្គមបានប្រសើរឡើងតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល ដូច្នេះសាកលវិទ្យាល័យមានទំនុកចិត្តរៀបចំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រកបដោយភាពប្រក្រតី។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជានៃក្រសួងសុខាភិបាល មន្ត្រីរាជការ បុគ្គលិកទាំងអស់ពិតជាមានកិត្តិយសក្រៃលែងដែលបានចូលរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវ័នហ្វ្រេតធើនីធី (វីតាល់) ក្នុងការផ្គត់ផ្គង់ផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺទាងអស់ទាន់ពេលវេលា។

គួរបញ្ចាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល   ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណជិត៣០០នាក់។ វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕

Back To Top