skip to Main Content

វីតាល់ សហការជាមួយក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងសហការរៀបចំដោយ ក្រុមហ៊ុនទឹកពិសាវីតាល់ កាលពីថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក  ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង, ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំង ប្អូនៗអ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំបុគ្គលិកវីតាល់ និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ស្របទៅនឹងខួបលើកទី៣០ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ជាមួយគោលបំណងក្នុងការបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារ សកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារ និងអភិវឌ្ឍមេត្រីបរិស្ថាន។ បន្ថែមពីនេះ ២០២៣ ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានាក្នុងការចូលរួមអភិរក្ស និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី និងការប្រឆាំងនឹងវិបត្តិអាកាសធាតុ និងបង្កើនសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវៈចម្រុះ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ីបានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដីក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើមដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្នប្រឈមនឹងភាពរិចរឹលដោយសារតែតម្រូវការ ការដកហូតនិងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រានដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ។  បន្ថែមពីនេះ ឯកឧត្តម ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការឧបត្ថម្ភគាំទ្ររបស់ វីតាល់ ជាមួយសកម្មភាពនានារបស់ ក្រសួងបរិស្ថានជាដរាប។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ «ការ ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារទៅកាន់ពិភពលោក ពី ការស្តារ ប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានរំខាន និងដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោរស្ថានកម្ម និងជីវៈចម្រុះ។ ដូចនេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បាននិងកំពុងបំពេញបេសកម្ម ដឹកនាំ និងគ្រប់គ្រង ការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីពង្រឹងប្រពន្ឋ័គ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៧៦កន្លែង  និងមុខងារប្រព័ន្ធអេកូឡូស៊ីសំដៅធានា៖

១- សេវាកម្មផ្តល់៖ ប្រភពអាហារ ទឹកប្រើប្រាស់ ឈើប្រើប្រាស់ ឱសថ និងថាមពលប្រើប្រាស់

២-សេវាកម្មធ្វើនិយ័តកម្ម៖ ធ្វើនិយ័តកម្មធាតុអាកាស ខ្សែសង្វាក់អាហារ និងនិយ័តកម្មបន្សុតទឹក

៣-សេវាកម្មវប្បធម៌៖ តំបន់មានសោភ័ណភាព តំបន់អបិយ៍ជំនឿ កន្លែងសិក្សាអប់រំ ស្រាវជ្រាវនិង តំបន់កំសាន្ត

៤-សេវាកម្មគាំទ្រ៖ ផលិតសារជាតិចិញ្ចឹម បង្កើតសារធាតុចិញ្ចឹម បង្កើតជីជាតិដី និងផលិតកម្មបឋម។

លោក  ចៅ មុន្នីរ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានថ្លែងឱ្យដឹងថា៖ «ខេត្តស្ទឹងត្រែងពិតជាមានកិត្តិយសដែលបានថ្នាក់ជាតិ ជ្រើសរើស សម្រាប់ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា យ៉ាងអធិកអធម និងពោរពេញដោយអត្ថន័យ និងជាចំណែកនៃការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តបានយល់ដឹង ពីសារៈសំខាន់របស់ពួកគាត់ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាពអវិជ្ជមានចំពោះបញ្ហាបរិស្ថាន និងរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន។ លោកបានបន្តឱ្យដឹងទៀតថា ជាមួយនឹងសកម្មភាពនេះ រដ្ឋបាលខេត្ត សូមលើកទឹកចិត្តដល់មន្ទីរអង្គភាពជុំវិញខេត្ត សូមបន្តពាំនាំការផ្សព្វផ្សាយចំណេះដឹងពីការថែរក្សាបរិស្ថានជូនដល់អង្គភាព, ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តទៀត។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានលើកឡើងថា៖ « វីតាល់ ក្នុងនាមជាវិស័យឯកជន ពិតជាមានសេចក្តីរីករាយ ដោយកត់សម្គាល់ឃើញថាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ពីមួយឆ្នាំទីមួយឆ្នាំកាន់តែទទួលបានការចាប់អារម្មណ៍ និងការចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិមួយនេះ។

គូសបញ្ជាក់ផងដែល រាប់ចាប់តាំងពីការចាប់ផ្តើម អាជីវកម្ម, វីតាល់ បានកំណត់អទិភាពការងារ របស់ខ្លួន មិនត្រឹម តែផ្តល់ជូន នូវទឹកពិសា ដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងប្រកបដោយអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅហ្នឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែល វីតាល់ បានកំណត់ជាអតិភាពផងដែល។ ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះវីតាល់ បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរ ពីសាធារណៈជន រួមមាន គម្រោង Vital Go Green ដែលបានរៀបចំឡើងកាលពីឆ្នាំ២០១៥ តាមរយៈការដកប្លាស្ទិកលើគម្រប ដែលវីតាល់បានធ្វើមុនគេ សម្រាប់វិស័យ ទឹកដបនៅកម្ពុជា។ គំរូនេះបានក្លាយជាចលករ នៃការផ្លាស់ប្តូរ បរិបទ នៃការផលិតទឹកដប ដោយពុំមានប្លាស្ទិក លើគម្របដប សម្រាប់ទីផ្សារកម្ពុជា។ បន្តបន្ទាប់, ក្រុមហ៊ុនក៏បានចូលរួមបន្ថែមទៀត ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជា ការដាំកោងកាងឡើងវិញ ដែល វីតាល់ បានសហការជាមួយក្រសួងបរិស្ថាន ចំនួន៣ឆ្នាំរួចមកហើយដោយដាំបានប្រមាណ ៦០០០ ដើម នៅខេត្តកំពត និងខេត្តកែប និងការចូលរួមគាំទ្រដល់ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកាផងដែល។ ជាមួយគ្នានេះ គូសបញ្ជាក់ ផងដែល វិស័យបរិស្ថាន គឺជាវិស័យ អទិភាព ដែលវីតាល់ បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្តម្ភ ការងារសង្គម របស់វីតាល់។ ឈរលើមូលដ្នាននេះ, ក្រុមការងារ វីតាល់ បានខិតខំយ៉ាងសកម្ម ក្នុងការរៀបចំបន្ថែមនូវទៀត សកម្មភាពបរិស្ថានជាមួយដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជាចំណែកនៃការស្តារផលប៉ះពាល់ ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថាន របស់កម្ពុជា និងសាកលលោក៕

Back To Top