រាជធានីភ្នំពេញ៖…
វីតាល់ចែកសម្ភារថែរក្សាអនាម័យ ជូនអ្នកបើកបររ៉ឺម៉កកង់បី នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាព្រឹកថ្ងៃទី២៦
ខែមីនា នៅទីក្រុងរណបអភិវឌ្ឍបឹងកក់ ដើម្បីចែកកញ្ចប់អំណោយជាសម្ភារៈការពារ និងស្បៀងអាហារ ជូនអ្នកបើកបរ ទោចក្រយានយន្តរ៉ឺម៉កសណ្តោង ចំនួន២៥០ រ៉ឺម៉ក ក្នុងរាជធានីភ្នំពេញ។
យុទ្ធនាការត្រូវបានរៀបចំ ក្រោមប្រធានបទ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” ដែលធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សុវត្ថិភាព និងសុខុមាលភាពដល់អ្នកបើកបររ៉ឺម៉កកង់បី ដែលកំពុងតែមានវិបត្តិផ្នែកជីវភាព ដោយឥទ្ធិពលនៃជម្ងឺកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ស្ថិតក្នុងឱកាសនេះដែរ លោក ជា ម៉េងគួង តំណាងនាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពដ៏តានតឹងនៃជម្ងឺកូវីដ១៩ អ្នកបើកបររ៉ឺម៉កកង់បី ជាក្រុមមនុស្សដែលប្រឈមនិងហានិភ័យខ្ពស់ ចំពោះសុខភាពដោយផ្ទាល់ និងប្រយោល ព្រមទាំងកំពុងជួបការលំបាកខ្លាំងដល់ផ្នែកជីវភាព និងសុខមាលភាពរបស់ពួកគាត់ និងគ្រួសារទៀតផង’’។
លោកបានបន្តថា “ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលតែងតែយកចិត្តទុកដាក់ជានិច្ចលើសកម្មភាពសប្បុរសធម៌ និងគាំទ្រយ៉ាងសកម្មដល់កិច្ចការសហគមន៍ទូទៅ វីតាល់រៀបចំកម្មវិធីនេះឡើង ដោយក្រុមហ៊ុនសង្ឃឹមថា អំណោយថ្ងៃនេះ នឹងអាចជាផ្នែកមួយនៃការចូលរួមចំណែកផ្តល់សុវត្ថិភាពប្រចាំថ្ងៃ ហើយក្រុមហ៊ុនក៏សូមអំពាវនាវឲ្យបងប្អូនអ្នកបើកបររ៉ឺម៉កកង់បីទាំងអស់ នៅតែបន្តអនុវត្តវិធាន ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ”។
គួរបញ្ជាក់ផងដែរ ចំពោះអំណោយដែលវីតាល់បានចែកជូននាថ្ងៃនេះ មានដូចជា ទឹកពិសាវីតាល់ មីជាតិ និងកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យ ក្នុងម្នាក់មួយឈុត ដែលក្នុងនោះមាន ដូចជាម៉ាសក្រណាត់ការពារ សុវត្ថិភាព និងអាល់កុលបាញ់សម្លាប់មេរោគ។
ស្របពេលជាមួយគ្នានេះដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី៣ វីតាល់សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣ កុំ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។
វីតាល់ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជាចំពោះការងារសប្បុរសធម៍និងសង្គម អស់រយៈជាង១០ឆ្នាំមកហើយ។ វីតាល់ក៏សូមបួងសួងឲ្យកម្ពុជាចៀសផុតពីស្ថានភាពដ៏លំបាកមួយនេះ។