រាជធានីភ្នំពេញ៖…
វីតាល់ បន្តឧបត្ថម្ភអង្ករ១០តោន ក្នុងឆ្នាំ២០២០ ជូនមន្ទីរពេទ្យកុមារអង្គរ
សៀមរាប ក្រុមហ៊ុនទឹកពិសាវីតាល់ បន្តឧបត្ថម្ភអង្ករ១០តោនក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២០ ជូនដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា នេះជាឆ្នាំទី២ ដែលវីតាល់ឧបត្ថម្ភអង្ករ១០តោនជូនមន្ទីរពេទ្យ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ រយៈពេល ៣ឆ្នាំ កាលពីឆ្នាំ២០១៩។
លោកបន្តថា «វីតាល់ តែងយកចិត្តទុកដាក់លើសកម្មភាពមនុស្សធម៌ ហើយក្រុមការងារយើងបានយល់ដឹងច្បាស់ពីគុណតម្លៃនៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់រយនាក់ជារៀងរាល់ថ្ងៃ។»
លោកបានបង្ហើបឲ្យដឹងទៀតថា «ការចូលរួមរបស់យើងក្នុងថ្ងៃនេះ ជាមួយមន្ទីរពេទ្យកុមារអង្គរ បានមកពីមូលនិធិ២៥៛ របស់វីតាល់ ដែលយើងតែងដកថវិកា២៥៛ ពីការលក់វីតាល់ក្នុងមួយដប សម្រាប់ចូលរួមក្នុងការងារសង្គមនានា។ ជាមួយនឹងមូលនិធិ២៥៛ នេះ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀត ដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍដោយមាននិរន្តរភាពទៅថ្ងៃអនាគត»។
លោក ទេព ណាវី នាយកប្រតិបត្តិការនៃមន្ទីរពេទ្យកុមារអង្គរបានស្ញើចសរសើរដល់ក្រុមហ៊ុនវីតាល់ ជាក្រុមហ៊ុនជាតិគំរូ ដែលតែងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការឧបត្ថម្ភអង្ករ១០តោនក្នុង១ឆ្នាំ។ ការចូលរួមនេះ បានជួយលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានកម្លាំងចិត្តបម្រើសេវាកម្ម ពិនិត្យព្យាបាលកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ខណៈមន្ទីរពេទ្យកំពុងត្រូវការជំនួយនេះ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ៕