skip to Main Content

កម្មវិធីប្រគល់រង្វាន់ជ័យលាភីការប្រកួតប្រជែង “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់”

រាជធានីភ្នំពេញ៖ វីតាល់បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីដល់ម្ចាស់ស្នាដៃទាំង ១០រូប របស់កម្មវិធីប្រកួតគំនូរសិល្បៈ ក្រោមប្រធានបទ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” នាព្រឹកថ្ងៃទី 0៥ កញ្ញា ២០២២​ នៅរោងចក្រទឹកពិសាវីតាល់ ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិក ម្ចាស់ជ័យលាភីឆ្នើមទាំង១០រូប និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតយ៉ាងរីករាយអធិកអធម។

កម្មវិធី​ប្រកួតប្រជែង​ “បញ្ចេញស្នាដៃសិល្បៈគំនូរជាមួយវីតាល់​” ​ក្រោម​ប្រធាន​បទ​ “វីតាល់ ឆ្លុះបញ្ចាំងពីមោទនភាពជាតិ ក្នុងនាមជាទឹកពិសាតំណាងកម្ពុជា” បានបង្កើតឡើងក្នុង​គោលបំណងជាវេទិកាប្រកួតសាធារណៈមួយដែលផ្តល់ឱកាសដល់យុវជន វិចិត្រករ និងជនរួមជាតិទាំងអស់ បានបង្ហាញស្នាដៃច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន និងស្របពេលសាទរកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ផងដែរ។

ក្នុងឱកាសនេះដែរ លោកសោមនស្ស វិបុល​ ប្រធានផ្នែកពាណិជ្ជកម្ម មានប្រសាសន៍ថា “នេះជាលើកដំបូងហើយដែលវីតាល់បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរសិល្បៈដែលធ្វើការផ្សព្វផ្សាយលើឌីជីថលយ៉ាងគគ្រឹកគគ្រេងបែបនេះ។ យើងពិតជារីករាយ និងមានមោទនភាព ដែលការប្រកួត​នេះ​ទទួល​បានសន្ទុះគាំទ្រយ៉ាងខ្លាំង ថែមទាំងអាចទទួលបានគំនូរសិល្បៈដ៏អស្ចារ្យ និងមានអត្ថន័យជាច្រើនពីសំណាក់​យុវជន និងវិចិត្រករមកពីស្ថាប័នសិល្បៈរដ្ឋ និងឯកជនផ្សេងៗនៅទូទាំងរាជធានីខេត្ត ចាប់តាំងពីការបើកប្រកួតពីថ្ងៃទី២៧ កក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២២”។

នៅក្នុងការប្រកួតប្រជែងនេះ ស្នាដៃគំនូរ​ចំនួន​ ​៧៧​ ​ត្រូវបាន​ដាក់ចូលរួម​ប្រកួត​ ​និង​ឆ្លងកាត់​ការ​វាយ​តម្លៃជាច្រើនដំណាក់កាល​។​ ​ បន្ទាប់ពីបានឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងពិភាក្សាយ៉ាងលម្អិតក្នុងចំណោមអ្នកជំនាញផ្នែកសិល្បៈគំនូរ និងអ្នកជំនាញលើការច្នៃប្រឌិត ព្រមទាំងបានឆ្លងកាត់ការបោះឆ្នោតគាំទ្រតាមអនឡាញលើទំព័រហ្វេសប៊ុកវីតាល់ ទីបំផុតយើងបានរកឃើញម្ចាស់ជ័យលាភីឆ្នើមទាំង១០រូប។

រង្វាន់​​ដែលវីតាល់បាន​ផ្តល់​ជូន​ជ័យ​លា​ភី​ឆ្នើមទាំង៥ដំបូង គឺ iPad Air 5​​ និងជ័យ​លា​ភី​ឆ្នើមទាំង៥ចុងក្រោយ គឺកាសត្រចៀក Beat Studio Buds ជំនាន់ចុងក្រោយ រួមជាមួយលិខិតសរសើរ និងកាដូអនុស្សាវរីយ៍ពីវីតាល់។

ក្នុងនាម​​ជា​ក្រុមហ៊ុន​ទឹកពិសាគុណភាពខ្ពស់​មួយក្នុងស្រុក​ ​វីតាល់ជានិច្ចកាលតែងតែ​បន្តបង្កើត​ ​និង​គាំទ្រ​រាល់​សកម្មភាពសប្បុរសធម៌ សង្គមនិងកម្សាន្តជាច្រើនផ្សេងៗ ​ដែលធ្វើឡើងក្នុងគោលបំណង​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ ​និងជនរួមជាតិខ្មែរគ្រប់ទិសទី។ វីតាល់សូមសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់បេក្ខភាពគ្រប់រូប ក្នុងការខិតខំសម្រិតសម្រាំងបង្កើតនូវស្នាដៃដែលបង្កប់នូវអត្ថន័យ អត្ថរូប និងអត្ថរសគួរជាទីស្ងើចសរសើរ។

Back To Top