រាជធានីភ្នំពេញ៖…
ក្រុមហ៊ុន វីតាល់ និងមូលនិធិ២៥រៀល បន្តចែករំលែកភាពកក់ក្តៅ និងក្តីស្រឡាញ់ ដល់លោកតា ស៊ីក្លូដែលកំពុងខ្វះខាត សម្រាប់ឆ្នាំទី៧
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វីតាល់ និងមូលនិធី២៥៛ ប្រារព្ធកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំ “ចែករំលែកភាពកក់ក្តៅ” លើកទី៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជាមួយគោលបំណង ចូលរួមចែករំលែកសេចក្តីស្រលាញ់ ចែករំលែកភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការទំនុកបំរុងក្នុងស្មាតីសាមគ្គីភាព តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ដែលភាគច្រើនជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ។
តាមរយៈការថ្លែងរបស់ លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច និងជាតំណាង ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧ បានឱ្យដឹងថា៖ « កម្មវិធីសប្បុរសធម៌របស់វីតាល់នេះត្រូវបានធ្វើការវិវឌ្ឍ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបន្ថែមនូវការរៀបចំ និងសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង ដែលភាគច្រើនជាអ្នកធាក់ស៊ីក្លួ និងអ្នកមានជីវភាពលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ សម្រាប់ឆ្នាំ២០២៤ វីតាល់ បានបន្ថែមលទ្ធភាពនៃការចូលរួម ដោយមានការអញ្ជើញ ដៃគូអាជីវកម្ម ក្នុងនោះមានមីជាតិ, ក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ (KLEN Cambodia), ភោជនីយដ្ឋានវ័នម៉រ ផងដែល អ្វីដែលកាន់តែពិសេសឆ្នាំនេះ វីតាល់ បានធ្វើការអញ្ជើញ Top Fan ដ៏ក្លៀវក្លាជាច្រើនមកចូលរួមជាអ្នកស្ម័គ្រចិត្ត និងសម្របសម្រួលការរៀបចំក្នុងកម្មវិធីថ្ងៃនេះផងដែល» ។
លោក ជុន ហៀង ថាវសិទ្ធិ បន្តថា ថ្វីត្បិតមួយរយៈចុងក្រោយនេះ ពិភពលោកទាំងមូលមានស្ថានភាពល្អប្រសើរ ក្រោយលែងមានការរាតត្បាតនៃជំងឺកូវីដ តែពិភពលោកទាំងមូល កំពុងតែបន្តប្រឈម និងស្ថាភាពវិវត្តន៍ថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ច និងនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ! ដែលកត្តានេះតិចរឺច្រើនមានការ ជះឥទ្ធិពលដល់ លោកតា លោកពូ អ្នកមីង ដែលប្រកបរបរក្រៅប្រព័ន្ធតួយ៉ាងអ្នកធាក់ស៊ីក្លូ, បុគ្គលិកអនាម័យ, អ្នកគ្មានទីជម្រកជាដើម, ដែលលោកអ្នកទាំងអស់នោះ កាន់ តែចាំបាច់ក្នុងការត្រូវការភាពកក់ក្តៅ ត្រូវការជំនួយដើម្បីសម្រួលដល់ទុក្ខលំបាករបស់ក្រុមគ្រួសារគាត់។
បន្ថែមពីនេះ មូលនិធី២៥រៀល បានយល់អារម្មណ៍ពីភាពចាំបាច់ទាំងអស់នេះ ទើប បានអញ្ជើញ ដៃគូសហការដទៃទៀតបន្តចូលរួម រៀបចំកម្មវិធីសប្បុរសធម៍ប្រចាំឆ្នាំនេះឡើង ដើម្បីចែករំលែកក្តីស្រលាញ់ និងការខ្វល់ខ្វាយពីយើងទាំងអស់គ្នាចំពោះសុខទុក្ខរបស់ លោកតា លោកអ៊ុំ លោកពូ អ្នកមីងដែលមានវត្តមានអញ្ជើញចូលរួមនាព្រឹកនេះ។
សូមជម្រាបជូនផងដែរថា បូរេប្រទាននៃការរៀបចំកម្មវិធីនេះ គឺកើតចេញពីថវិការបស់មូលនិធិ២៥រៀល ដែលជាការកាត់ចេញនូវប្រាក់ចំណេញ ពី វីតាល់គ្រប់ៗដប ដែលលោកអ្នកពិសា គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ រាល់ពេលពិសាវីតាល់ ១ដប ជូនមូលនិធិនេះសម្រាប់រៀបចំកម្មវិធីសង្គមនានា។
ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌នេះដែរ ក៏មានការអញ្ជើញចូលរួម ក្រោមអធិបតីភាព៖ លោកជំទាវ អ៊ឹម ប៉ូលីកា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកជំទាវ តាន់ សឺយមួយ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KHH, និងលោកតា លោកអ៊ុំ លោកពូ អ្នកធាក់ស៊ីក្លូ ប្រមាណ ៣០០នាក់ ក្នុងរាជធានីភ្នំពេញ, អ្នកស្ម័គ្រចិត្ត ហ្វេន វីតាល់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ប្រមាណ ១០០នាក់។
អំណោយរួមមាន៖ អង្ករ, វីតាល់, មីជាតិ, ក្រម៉ា, ភួច, សូរទឹក, ត្រីខកំប៉ុង, ទឹកស៊ីអ៊ី, ទឹកត្រី, នំផ្អែម, ប្រេងកូឡា, ថវិកា និងការឧបត្ថម្ភបន្ថែមពី ក្រុមហ៊ុន ខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) ជូនលោកតា លោកអ៊ុំ លោកពូ អ្នកមីង ក្នុងម្នាក់ៗទទួលបាន សាប៊ូកក់សក់, សាប៊ូលាងដៃ, ជែល និងទឹកបាញ់សម្លាប់មេរោគ ក្លិនម្នាក់១ឈុត៕