skip to Main Content

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបានការឧបត្ថម្ភជាថវិកា និងសម្ភារៈពីទឹកពិសាវីតាល់

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣  ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូកីឡា នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អញ្ជើញមកទស្សនកិច្ចរោងចក្រផលិតទឹកពិសាវីតាល់ ក្នុង         “គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម” ដែលបានរៀបចំឡើងក្នុងគោលបំណងបង្ហាញការគាំទ្រ និងសេចក្តីស្រលាញ់ចេញពីបេះដូង ក្នុងស្មារតីខ្មែរតែមួយ ពីវីតាល់ តាមរយៈការចូលរួមគាំទ្រជាសម្ភារៈ និងថវិកាដើម្បីបានជួយសម្រួលតម្រូវការចាំបាច់របស់បងប្អូនកីឡាករ កីឡាការនីដែលកំពុងហ្វឹកហាត់យ៉ាងសកម្មការសម្រាប់ត្រៀមប្រកួត អាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងវត្តមានថ្នាក់ដឹកនាំ គ្រូបង្វឹកកីឡាករ កីឡាការនីប៉ារ៉ាហ្គេមច្រើននាក់។

លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម។ វត្ថុបំណងជារួមនៃការរៀបចំកម្មវិធីពេលនេះគឺបង្ហាញពីការគាំទ្ររបស់វីតាល់ក្នុងនាមជាវិស័យឯកជន ក៏ដូចជាប្រជាជាតិខ្មែរគ្រប់រូបដែលមានមោទនភាព ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ លោកប្រធានប្រតិបត្តិការធុរកិច្ចបានបន្ថែមទៀតថា ជាមួយគ្នានេះផងដែល វីតាល់ ក៏ទទួលបានការទទួលស្គាល់ជាដៃគូគាំទ្រដោយមោទកៈ នៃយុទ្ធនាការ Beyond The Games នៃស.ស.យ.ក. ក្នុងការចូលរួមផ្សព្វផ្សាយ ការសាទរស៊ីហ្គេម ២០២៣ ជាមួយការចេញសំបកឡាប៊ែលស៊ីហ្គេមរចនាឡើងយ៉ាងពិសេសសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍កោតសសើរនូវគំនិតផ្តួចផ្តើមនិងការគាំទ្ររបស់វីតាល់ ជាមួយកីឡាករកីឡាការនីប៉ារ៉ាហ្គេម ក្នុងកំឡុងពេលហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតដែលនឹងខិតជិតមកមកនាប្រមាណជាង៦០ថ្ងៃខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្ថែមទៀតកាយវិការនៃការចូលរួមរបស់វីតាល់នាពេលនេះបង្ហាញពីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងនៃវិស័យឯកជនដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ចូលរួមគាំទ្រដល់កីឡាករកីឡាការនីរបស់យើងក្នុងការហ្វឹកហាត់ត្រៀមប្រកួត និងយកជ័យជំនះជូនជាតិមាតុភូមិរបស់យើង ។

គួរបញ្ចាក់ផងដែរថាជំហានដំបូងនៃគម្រោង វីតាល់ ជាមួយអាស៊ានប៉ារ៉ាហ្គេម ដែលវីតាល់ បានផ្តល់ជូនថវិកា និងសម្លៀកបំពាក់ហ្វឹកហាត់ជូនកីឡាករកីឡាការនីបាល់ទះអង្គុយ និងបាល់បោះជិះរទេះ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកញ្ចប់បូរេប្រទាននៃមូលនិធិ២៥៛ ដែលជាការបរិច្ចាគរបស់អ្នកប្រើប្រាស់ទឹកពិសាវីតាល់៕

Back To Top