រាជធានីភ្នំពេញ៖…
មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវីតាល់រៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៩
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ទីរពេទ្យកាលម៉ែត សហការជាមួយ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត» នៅក្នុងសាលសន្និសីទ អគារតេជោសន្តិភាព នៃមន្ទីរពេទ្យកាល់ម៉ែត។ កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ របស់មន្ទីរពេទ្យកាល់ម៉ែត ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវការស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៃស្ថាប័នទាំង៣ជាច្រើននាក់។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែតលើកទី៩នេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណ ៣៥០នាក់។
លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត្រ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហការប្រតិបត្តិការយ៉ាងពេញទំហឹង ជាមួយវីតាល់ តាំងពីដើមរហូតមក។ លោកប្រធានប្រតិបត្តិការធុរកិច្ច បានបន្ថែមថាកម្មវិធីនេះ សកម្មភាពនាថ្ងៃនេះ គឺកើតឡើងបាន ក៏ដោយសារដៃគូសហការ និងការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលវីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប របស់អ្នកប្រើប្រាស់បង្វិលចូលមូលនិធិសម្រាប់សកម្មភាពសប្បុរសធម៌ និងការងារសង្គមនានាតាំងពីថ្ងៃដែលវីតាល់បានចាប់ផ្តើមចូលក្នុងទីផ្សារ។
លោក សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម ប្រកបដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា៖ លើកនេះជាលើកទី៩ ដែលមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន ចូលរួមដោយក្តីរីករាយនិងស្នាមញញឹម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសពីគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ក្នុងគ្រប់ខណ្ឌទូទាំងប្រទេស ។
គួរបញ្ចាក់ផងដែរថា វីតាល់ ដែលមានមូលនិធិ២៥៛ បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ៕