រាជធានីភ្នំពេញ៖…
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សហការជាមួយ វីតាល់ រៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ”
រាជធានីភ្នំពេញ៖ បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកុសុមៈ ប្រមាណជិត៣០០នាក់ បានរួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ “ការសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា”។ កម្មវិធីនេះបានប្រព្រឹត្តិឡើងពេញមួយថ្ងៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលស្ថិតតាមបណ្តោយមហាវិថីកងយុទ្ធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម វេជ្ជបណ្ឌិត ឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជន បុគ្គលិក នៃមន្ទីរពេទ្យព្រះកុសុមៈជាច្រើននាក់។
ពិធីបរិច្ចាគឈាមរបស់សប្បុរសជន នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នាថ្ងៃនេះទទួលបានការសហការរៀបចំ និងឧបត្ថម្ភគាំទ្រពីសំណាក់ ទឹកពិសាវីតាល់ និងមីជាតិ ដែលនេះសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ ពីស្លាកសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី។
ឯកឧត្តម វេជ្ជបណ្ឌិត ឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈបានមានប្រសាសន៍ថាជារៀងរាល់ថ្ងៃមន្ទីរពេទ្យព្រះកុសុមៈទទួលអ្នកជំងឺដែលមានគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ ត្រូវការឈាម ជាចាំបាច់ដើម្បីបញ្ចូលជាច្រើននាក់ ក្នុងនោះមន្ទីរពេទ្យទទួលបានការផ្គត់ផ្គង់ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានអំណោយឈាម បានមកពីការបរិច្ចាគនៃគ្រប់មជ្ឍដ្ឋាន ដើម្បីសង្គ្រោះដល់អ្នកជំងឺ។ លោកនាយកមន្ទីរពេទ្យ បានបន្តទៀតថា ការរៀបចំពិធីបរិច្ចាគនាថ្ងៃនេះគឺជាចំណែកមួយនៃការបំពេញស្តុកឈាមបន្ថែមសម្រាប់តម្រូវការជាចាំបាច់របស់អ្នកជំងឺ ជាមួយគ្នានេះតាងនាមឱ្យបុគ្គលិក និងថ្នាក់ដឹកនាំនៃមន្ទីពេទ្យសូមថ្លែងអំណរគុណដល់ វីតាល់ មីជាតិ ដែលបានផ្តល់ការគាំទ្រ និងចូលរួមឧបត្ថម្ភទាំងស្រុងដល់ដំណើរការរៀបចំពិធីនាពេលនេះ និងសូមបន្តចូលរួមគាំទ្រនៅឆ្នាំក្រោយៗបន្ថែមទៀត។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសម្តែងនូវសេចក្តីសប្បាយរីករាយដោយឃើញពីសកម្មភាពផុសផុលនៃអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ។ លោកស្រីបានលើកឡើងថា “ក្នុងនាម មជ្ឈមណ្ឌលជាតិផ្តល់ឈាម យើងទាំងអស់គ្នាពិតជាសប្បាយរីករាយជាខ្លាំង ដែលមន្ទីរពេទ្យព្រះកុសុមៈបានរួមគ្នាស្ម័គ្រចិត្តដើម្បីបរិច្ចាគឈាមក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះនឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានទាន់ពេលវេលា ពីព្រោះមជ្ឈមណ្ឌល នឹងមានលទ្ធភាពផ្តល់ឈាមជូនអ្នកជំងឺភ្លាមៗប្រសិនបើគាត់មានតម្រូវការបន្ទាន់ដោយមិនតម្រូវឱ្យរមានការបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ“ ។
ជាមួយគ្នានេះ លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច តំណាងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់ / មីជាតិ) បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការឆ្នាំដំបូង នៃកិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីទទួលយកអំណោយឈាមពីសប្បុរសជន និងបុគ្គលិក ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ។ លោកបានបន្ថែមទៀតថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសា និងផលិតផលដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ តែការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែល។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជម្រុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀតដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដប្រកបក្តីមេត្តាករុណា និងមិនគិតកម្រៃរបស់អ្នកបរិច្ចាគឈាម។
ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍កោតសសើរចំពោះកាយវិការសប្បុរសរបស់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលក្រៅពីតួនាទីភារកិច្ច ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគោរពក្រមសីលធម៍ត្រឹមត្រូវប៉ុណ្ណោះទេ លើសពីនេះគ្រូពេទ្យយើងបានបរិច្ចាគឈាមជូនអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់, មីជាតិ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូទាំងអស់នៃកម្មវិធីបរិច្ចាគឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ ។
ក្នុងកម្មវិធីបរិច្ចាគឈាមនៅចុងឆ្នាំ២០២៣ របស់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈក្រោមការសហការជាមួយវីតាល់ និងមីជាតិ រយៈពេលពេញមួយថ្ងៃនេះទទួលបានអំណោយឈាមសរុបប្រមាណ ៣៣៣ ប្លោក។ គួររំលឹកផងដែរថាក្នុងកិច្ចសហប្រតិបត្ដិការ១០ឆ្នាំរវាងមូលនិធិ២៥រៀល របស់វីតាល់ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកន្លងមកនេះបានស្ថាប័នទាំងពីរ បានធ្វើការប្រមូលអំណោយឈាមពីសប្បុរសជនដោយស្ម័គ្រចិត្ដសរុបចំនួន ១២០,៤៥៧ប្លោក ស្មើនឹង ៤២,១៥៩,៩៥០មីលីលីត្រឈាម។ វីតាល់ ដែលមានមូលនិធិ២៥៛ នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕