skip to Main Content

វីតាល់ស្វាគមន៍គណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់ កាលទី២”

ក្រុមហ៊ុនទឹកពិសាវីតាល់ បានទទួលស្វាគមន៍គណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ក្នុងការទស្សនកិច្ចស្វែងយល់អំពីដំណើរកាល នៃការជ្រើសរើសនិសិ្សតបំរើការងារ និងសកម្មភាពអនុវត្តន៍ការងារ របស់អតីតនិសិ្សតបញ្ចប់ការសិក្សា នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ដែលបានកំពុងបំរើការងារ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅរោងចក្រទឹកពិសាវីតាល់ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមគម្រោងកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក Markus Burli នាយកទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រត្តិបត្តិការ បានដឹកនាំប្រតិភូជាច្រើនរូប រួមមានតំណាងក្រសួង ស្ថានប័ន និងភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF, អង្គការ UNIDO បានអញ្ជើញទស្សនកិច្ចស្វែងយល់រោងចក្រវីតាល់ និងជួបជាមួយតំណាងបុគ្គលិកវីតាល់ ដែលជាអតីនិស្សិតនៃគម្រោង DEYផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា “គម្រោងនេះ ជាគម្រោងដ៏ល្អមួយក្នុងបង្កើតភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយនឹងដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការអភិវឌ្ឍវិស័យបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាការងារជូនយុវជនយើង។”

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា “ខ្ញុំរំភើបចិត្តដែលគណៈគ្រប់គ្រង វីតាល់ បានយកចិត្តទុកដាក់ក្នុងដំណើរទស្សនៈកិច្ចនេះ ដែលមានបង្ហាញពីស្មារតីសហការ។ ក្រុមហ៊ុននេះមិនមែនតែវិនិយោគសម្រាប់ធ្វើអាជីវកម្មនោះទេ ប៉ុន្តែបានគិតគូរទៅលើបញ្ហាការងារ និងអភិវឌ្ឍន៍ធនធានមនុស្សរបស់សង្គមជាតិយើង។ ក្នុងនាមខ្ញុំជាក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ឆ្លៀតឱកាសនេះ ថ្លែងការសរសើរចំពោះក្រុមហ៊ុន ហើយសង្ឃឹមថាក្រុមហ៊ុននេះនឹងទទួលបានការអភិវឌ្ឍថ្លៃថ្លាពីគម្រោងមួយនេះ ហើយបង្កើតឱកាសការងារបន្តទៀតដល់យុវជនរបស់យើង។”

លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រង តំណាងលោកជំទាវនាយិកា បានឱ្យដឹងថា “តាមរយៈសមត្ថភាព និងភាពប៉ិនប្រសប់របស់និសិ្សត នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ដែលបាននឹងកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនទឹកពិសាវីតាល់ យើងខ្ញុំសូម ធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៅពីក្រោយ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ក្រោមការសហការរវាងរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាតំណាង និងអង្គការសហប្រជាជាតិ។”

លោកនាយក បានបន្តថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនជាតិមួយ ដែលតែងតែផ្តល់ឱកាសដល់ក្រុមនិសិ្សតក្នុងដុសខាតចំណេះដឹងរបស់ខ្លួនបន្ទាប់ពីការសិក្សា ដូចជាបើកឱកាសឲ្យនិសិ្សតចុះកម្មសិក្សាហ្វឹកហាត់ការងារ ធ្វើទស្សនកិច្ចសិក្សា និងទទួលនិសិ្សតដែលទើបបញ្ចប់ការសិក្សាដើម្បីធ្វើការជាដើម។ លើកពីនេះ ក្រុមហ៊ុនទឹកពិសាវីតាល់តែងតែយកចិត្តទុកដាក់លើសុខមាលភាព និងសម្រួលដល់ទុក្ខធុរៈបុគ្គលិកកម្មករជារឿយៗ ដូចជាក្នុងអំឡុងពេលរឹតបណ្តឹងក្នុងការរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុនទឹកពិសាវីតាល់ក្រោមការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំដល់បងប្អូនបុគ្គលិក និងកម្មករជាច្រើននៅក្នុងរោងចក្រ និងកម្មករនៅក្នុងតំបន់ជិតៗ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។ វីតាល់ ត្រូវបានទទួលស្គាល់និងពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ។

Back To Top