រាជធានីភ្នំពេញ៖…
វីតាល់ គុណភាពឈានមុខ បន្តទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស
រាជធានីភ្នំពេញ៖ វីតាល់ ក្នុងនាមជាម៉ាកសញ្ញាទឹកពិសាគុណភាពឈានមុខ ដែលទទួលបានការពេញនិយមគាំទ្រប្រើប្រាស់ពីសំណាក់អតិថិជនគ្រប់ទិសទី បានរៀបចំកម្មវិធីអបអរសាទរការបន្តទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ព្រមទាំងមានវត្តមានរបស់អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS ផងដែរ។
នេះជាជោគជ័យ និងជាមោទនភាពសម្រាប់វិស័យផលិតទឹកពិសា និងភេសជ្ជៈនៅកម្ពុជា ដែលមានផលិតផលវីតាល់ របស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ទទួលបានការទទួលស្គាល់ដោយស្ថាប័នវាយតម្លៃគុណភាព ជាតិ និង អន្តរជាតិ ៧ឆ្នាំ ជាប់ៗគ្នា ដែលសបញ្ជាក់ពីការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ សម្រាប់បម្រើជូនតាមសេចក្តីត្រូវការរបស់អតិថិជនរាប់លាននាក់ គ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសដ៏ឱឡារិកនារសៀលនេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) មានចំណាប់អារម្មណ៍លើកឡើងថា “នេះជាសក្ខីភាពមួយនៃបេសកម្មរបស់វីតាល់ក្នុងការប្តេជ្ញាផលិត និងផ្គត់ផ្គង់ទឹកពិសាដបគុណភាពខ្ពស់ ដោយអនុលោមតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ គោលការណ៍ច្បាប់ និងបំពេញតម្រូវការអតិថិជនដែលនិយមគាំទ្រផលិតផលជាតិមួយនេះ អស់កាលជាង១៣ឆ្នាំកន្លងមកដល់ពេលបច្ចុប្បន្ន។ ជាការពិតណាស់ ការត្រួតពិនិត្យគុណភាពទឹកពិសាវីតាល់ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពនូវគ្រប់ដំណាក់កាលចាប់ពីប្រព័ន្ធបន្សុទ្ធទឹក ដំណើរការផលិត ការរក្សាទុក និងការចែកចាយផលិតផល ដោយអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ។”
លោកជំទាវបានបន្តថា ជាមួយនឹងកំណើននៃការគាំទ្រឥតស្រាកស្រាន្ត វីតាល់កំពុងបន្តពង្រឹង និងអភិវឌ្ឍគុណភាពផលិតផលជាបន្តបន្ទាប់ ទាំងដំណើរការផលិតកម្ម និងធនធានមនុស្សឱ្យបានកាន់តែប្រសើរជាងមុនស្របតាមតម្រូវការរបស់ទីផ្សារ ក្នុងគោលដៅផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់គ្នា នូវផលិតផល និងសេវាកម្មប្រកបដោយទំនុកចិត្តលើសុវត្ថិភាពចំណីអាហារ និងគុណភាពខ្ពស់។
លោក ខៃសន ណុនតាវារ៉ា កនគុល, អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS មានថ្លែងថា៖ SGS សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ដែលបានអនុវត្តតាមបទដ្ឋានចំណីអាហារអន្តរជាតិ រហូតទទួលបានការធ្វើសវនកម្មជាប់ជាស្ថាពរ និងបន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីស្ថាប័ន SGS និង UKAS ។ លោកបានបន្តទៀតថា ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូអាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកពិសាផ្ទាល់នៃផលិតផល វីតាល់ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណ:នេះជាជោគជ័យ និងជាមោទនភាពជាថ្មីម្តងទៀត សម្រាប់ផលិតផលវីតាល់ ។
គួរបញ្ជាក់ផងដែរថា វីតាល់ មិនត្រឹមតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការជួយគាំទ្រដល់សុខមាលភាពនៃសង្គមកម្ពុជាផងដែរ។ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ តាមរយៈមូលនិធិ២៥រៀល វីតាល់បានផ្តូចផ្តើមគំនិត ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ។ សកម្មភាពទាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍ ក៏ដូចជាសាធារណជនគ្រប់ទិសទី ជាពិសេសយុវជនឱ្យចេះចូលរួម និងចែករំលែក ដើម្បីអភិវឌ្ឍសហគមន៍នានាក្នុងប្រទេសកម្ពុជា៕