skip to Main Content

វីតាល់ និងមូលនិធិ ២៥រៀល សហការរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»

រាជធានីភ្នំពេញ៖ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ដែលរូមមានសិស្ស, និស្សិត, យុវជនកាកបាទក្រហម, សប្បុរសជន, បុគ្គលិកវីតាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ, មន្ត្រីរាជការ ក្រសួងស្ថាប័ន ប្រមាណ ៣០០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងទិវានៃក្តីស្រលាញ់ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ឆ្នាំ ២០២៤ ដែលជាការសហការរៀបចំ និងឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុន វីតាល់ និងមូលនិធិ ២៥រៀលជាមួយមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយស្តែងចេញពីគោលបំណងក្នុងការជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី រួមគ្នាផ្តល់អំណោយឈាមក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ដោយផ្សាភ្ជាប់អត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។

 

នេះជាកិច្ចសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វីតាល់ ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» នាឆ្នាំ ២០២៤ នេះ បន្ទាប់ពីទទួលបានការសាទរពីសាធារណៈជនដែលជាប្រិយមិត្ត និងអ្នកប្រើប្រាស់ វីតាល់នាពេលកន្លងមក ចំពោះការរួមចំណែកទទួលខុសត្រូវសង្គម តាមរយៈចែករំលែកប្រាក់ចំណេញរបស់ខ្លួន ពីផលិតផលវីតាល់គ្រប់ដប ចំនួន ២៥រៀល សម្រាប់ជាបូរេប្រទានដល់ការអនុវត្តគម្រោង និងកិច្ចការនានា ដែលជាតម្រូវការ និងសេចក្តីត្រូវការរបស់សង្គម ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា នៅ ក្នុងឆ្នាំ ២០២៤ នេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល បានរៀបចំឡើង ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់»  គឺជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា  និងមានគោលបំណងសំខាន់ ២ គឺ ៖ ដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រឡាញ់របស់​គាត់ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់ជនរងគ្រោះដែលត្រូវការឈាម ។ ដើម្បីអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួម​ចំណែកក្នុង​ភាពជាដៃ​គូជា​មួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ។

លោកវេជ្ជបណ្ឌិត បន្តថា យើង​ត្រូវការឈាម​មួយប្លោក ​ដើម្បីជួយសង្គ្រោះ​ជីវិត​អ្នកជំងឺរៀងរាល់​ ៦ នាទីម្តង ។ តម្រូវការឈាម​​ប្រចាំថ្ងៃសរុបមាន ​៣០០ ទៅ ៣៥០ ប្លោកនៅរាជធានីភ្នំពេញ ។ តម្រូវការ​ទូទាំងប្រទេស​​មានចំនួន​ ១៤៣,១៤៣ ប្លោក​ ដែលលើសពីឆ្នាំមុនៗ ២០% ហើយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស ។ ចំណែក​ការទទួលឈាម​តាម​​រយៈសប្បុរសជន​ដោយមិន​គិតកម្រៃ ​​និងដោយស្ម័គ្រចិត្ត​ឆ្លើយតបបានប្រហែល ១៩.៥% នៃតម្រូវការ​ក្នុង​ប្រទេសយើងតែប៉ុណ្ណោះ​ ។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឱ្យដឹងដែរថា ក្នុងនាម វីតាល់ លោកបានកោតសសើរថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះយ៉ាងទៀតទាត់ និងរៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាសនៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យនៃការចែករំលែកសេចក្តីស្រលាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន ! ។

លោកបន្តថា វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសាដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ វីតាល់ បានការចូលរួមយ៉ាងសកម្មភាពក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) អាចនិយាយបានថា រាល់ខែ វីតាល់ បានរៀបចំឱ្យមានកម្មវិធី CSR និងកម្មវិធីផ្សេងៗ ក្នុងទម្រង់ជាការឧបត្ថម្ភ និងរៀបចំដោយខ្លួនឯងយ៉ាងទៀតទាល់ និងបុព្វហេតុ ៤ ចំបង រួមមាន ៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៍ ដែលនេះជាសសរស្តុម្ភ របស់ វីតាល់ ! ។

ឯកឧត្តម ស៊ិក ប៊ុណ្ណា​ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ចលនានៃការចូលរួមរបស់បងប្អូន សិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន មន្រ្ដីរាជការ ក្នុងសកម្មភាពបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដោយចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ។

ឯកឧត្តមបញ្ជាក់ថា ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ ចំពោះក្រុមហ៊ុន One Fraternity Co. LTD ក្នុងនាមជាវិស័យឯកជនដែលតែងតែឧបត្ថម្ភគាំទ្រ និងកិច្ចសហប្រតិបត្ដិការល្អ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នូវគ្រប់កម្មវិធីបរិច្ចាគឈាម ។ សូមលើកទឹកចិត្តដល់មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន One Fraternity Co. LTD  បន្តទៀតនៅឆ្នាំក្រោយៗ ដើម្បីបន្តរៀបចំចលនានៃការទទួលអំណោយឈាមពីសប្បុរសជនឱ្យបានទៀតទាត់ជារៀងរាល់ឆ្នាំ ។

ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី ៥ នៃរដ្ឋសភា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរចំពោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះឡើងក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្តឱ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវការឈាម និងការជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋត្រូវការឈាមជាបន្ទាន់ ដើម្បីជួយស្រោចស្រង់អាយុជីវិត។

គួរបញ្ជាក់ផងដែរថា គិតមកដល់ត្រឹមនាទីនេះ ក្រោមកិច្ចសហការរៀបចំកម្មវិធីយ៉ាងគគ្រឹកគគ្រេងពីសំណាក់ វីតាល់ កាលពីព្រឹកមិញនេះ។ មជ្ឈមណ្ឌលជាតិផ្ដល់ជាតិបានទទួលអំណោយឈាមបានប្រមាណជាង ៤០០ប្លោកពីសាធារណជន សិស្ស-និស្សិត មន្ដ្រីរាជការ និងបុគ្គលិកមកពីស្ថាប័នឯកជននានារួចមកហើយ៕

 

 

Back To Top