រាជធានីភ្នំពេញ៖…
វីតាល់ សហការជាមួយក្រសួងបរិស្ថានប្រារព្ធទិវាអនាម័យបរិស្ថានជាតិនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់) បានចូលរួមឧបត្ថម្ភប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ និង២២ វិច្ឆិកា ២០២២ សហការជាមួយក្រសួងបរិស្ថាននៅខេត្តមណ្ឌលគិរីយ៉ាងអធិកអធម។
ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន។ ក្នុងឱកាសនេះដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ចូលរួមពីសំណាក់ ឯកឧត្តម សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម ចាន់ រតនា អភិបាលរង នៃខេត្តមណ្ឌលគិរី សមាជិកក្រុមប្រឹក្សាខេត្ត ដៃគូសង្គមសុីវិល មន្រ្តីរាជការ កងកម្លាំង យុវជនស្ម័គ្រចិត្ត ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ក្នុងនាមវិស័យឯកជន ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលទទួលបានការអារម្មណ៍ចូលរួមកុះករពីដៃគូរសំខាន់ៗ សាធារណៈជន និងសិស្សានុសិស្ស សបញ្ជាក់ឱ្យឃើញពីការស្រឡាញ់ និងថែរក្សាបរិស្ថានសោភ័ណភាពសហគមន៍»។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានបានពោលថា៖ «ការថែរក្សាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា»។
ទន្ទឹមនឹងគ្នានេះដែរ ឯកឧត្តម ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានពោលថា៖ «ខេត្តមណ្ឌលគិរីកន្លងមកបានទទួលនូវចំណាត់ថ្នាក់ជ័យលាភីផ្ការំដួលពីរទង ហើយខ្ញុំក៏សូមអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបន្តចូលរួមសម្អាតអនាម័យ ថែរក្សាបរិស្ថាន ចៀសវាងការបាត់បង់នូវសោភ័ណភាពខេត្ត»។
គួរសង្កេតឱ្យឃើញផងដែរថា វីតាល់មិនត្រឹមតែផលិតនូវទឹកពិសាគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការសង្គមជានិច្ចតួយ៉ាង មូលនិធិ២៥៛ វីតាល់ផ្តោតសំខាន់លើការអប់រំ បរិស្ថាន សុខភាពនិងកីឡា វប្បធម៌និងសង្គម។ កាលពីខែសីហា ឆ្នាំ២០១៥ វីតាល់បានរៀបចំគម្រោង Vital Go Green តាមរយៈការឈប់ប្រើប្លាស្ទិកលើគម្របដបមុនគេបង្អស់ក្នុងនាមជាទឹកពិសាក្នុងស្រុកដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមកាត់បន្ថយប្រើប្រាស់ប្លាស្ទិក។