រាជធានីភ្នំពេញ៖…
វីតាល់ឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារ
ក្នុងទឹកចិត្តខ្មែរតែមួយរួមគ្នាអភិរក្សបរិស្ថាន និងជួយដល់កុមារកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ បានចូលរួមឧបត្ថម្ភ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៧” ដែលបានប្រព្រឹត្តឡើងនៅក្រុងសៀមរាបកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ក្រោយមានការអាក់ខានរៀបចំអស់រយៈពេល២ឆ្នាំ ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីសាធារណជន វិស័យឯកជន និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។
លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏កម្រមួយរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គី រួបរួមគ្នា និងបង្ហាញក្តីស្រលាញ់ តាមរយៈការប្រមូលថវិកាដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមគាំទ្រកម្មវិធីមួយនេះដើម្បីកុមារកម្ពុជា។”
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះបានចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានា ប្រមាណ៤០០នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពីផ្សាររាត្រីសៀមរាបអាតសិនធ័រ ឆ្ពោះទៅកាន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិភ្នំក្រោមក្នុងចម្ងាយប្រមាណ០៩គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ ៤ធំៗ រួមមាន ១. វប្បធម៌ និងសាសនា ២. កីឡា និងសុខភាព ៣.បរិស្ថាន និង ៤.អប់រំ៕
28