រាជធានីភ្នំពេញ៖…
វីតាល់បន្តយុទ្ធនាការដាំដើមកោងកាង 1000ដើម ជាលើកទី2 នៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត
ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ2០នាក់ រួមគ្នាជាមួយប្រជាសហគមន៍នេសាទព្រែកត្នោត និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត ក្នុងរៀបចំយុទ្ធនាការដាំដើមកោងកាងចំនួន1០០០ដើម នៅក្នុងដែនការពាររបស់សហគមន៍នេសាទព្រែកត្នោត ខេត្តកំពត នាព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2021 កន្លងទៅនេះ។
នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំយុទ្ធនាការដាំដើមកោងកាងនៅខេត្តកំពត ក្នុងគោលបំណងដើម្បីជម្រុញការចូលរួមពីសាធារណជនគ្រប់ទិសទី ជាពិសេសវិស័យឯកជនឱ្យ ចូលរួមថែរក្សា និងការពារព្រៃកោងកាងដែលជាជម្រកដ៏សំខាន់របស់ជីវចម្រុះ និងជាធនធានដ៏ចម្បងមួយដែលរក្សានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ ជាងនេះទៅទៀត យើងធ្វើឡើងដើម្បីអបអរសាទរ ទិវាព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2021 ខាងមុខនេះផងដែរ។
ស្ថិតក្នុងឱកាសនេះ លោក ជុងហៀង ថាវសិទ្ធ នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានលើកឡើងថា ព្រៃកោងកាងមិនត្រឹមតែផ្តល់ផលប្រយោជន៍យ៉ាងមហាសាលសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រជានេសាទដែលរស់នៅតំបន់ជុំវិញនោះប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជារបាំងការពារខ្យល់ព្យុះនៅតាមឆ្នេរសមុទ្រ ហើយក៏ផ្តល់នូវជម្រកដល់ធនធានចម្រុះនៅក្នុងទឹក ដែលជាប្រភពទាក់ទាញភ្ញៀវទេសចរបានទៀតផង។
លោកបន្តទៀតថា “ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួមនៃមនុស្សជាតិដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំដ៏ប្រពៃអំពីការបតស្នងរបស់មនុស្សជាតិចំពោះបរិស្ថានវិញ។”
លោក ដៅ សុទ្ធ តំណាងប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន។ លោកសង្ឃឹមថា សកម្មភាពនេះនឹងជំរុញ និងកៀរគរការចូលរួមវិភាគទានពីសំណាក់សាធារណជនទូទៅ ក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត ក្នុងន័យគាំទ្រសហគមន៍នេសាទព្រែកត្នោតដែលកំពុងតែត្រូវការជំនួយពីយើងទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះ មានដូចជាការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗទៀតជាច្រើនដើម្បីសង្គម។
វីតាល់ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាចំពោះការងារសប្បុរសធម៍និងសង្គម អស់រយៈជាង១០ឆ្នាំមកហើយ។ ក្រុមហ៊ុនក៏បានអំពាវនាវដល់សាធារណជន យុវជនសម័យថ្មី និងវិស័យឯកជននានា ឱ្យចូលរួមយល់ដឹងអំពីអត្ថប្រយោជន៍ដ៏វិសេសរបស់ដើមកោងកាង និងបន្តរួមគ្នាដាំដើមកោងកាងឱ្យបានច្រើន ព្រមទាំងថែរក្សាព្រៃនេះឱ្យបានគង់វង្សយូរអង្វែងជានិរន្តតទៅ ដើម្បីប្រយោជន៍សហគមន៍ និងបរិស្ថានទាំងមូល៕