រាជធានីភ្នំពេញ៖…
វីតាល់ទទួលបានសិទ្ធិផ្តាច់មុខជាដៃគូសហការជាមួយនឹង SONY PICTURES លើខ្សែភាពយន្ត SPIDER-MAN™: NO WAY HOME
(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសទទួលសិទ្ធិជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក។
ពិធីប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅរោងភាពយន្ត លេជេន អ៊ីដេន ហ្គាដេន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន ទឹកពិសា វីតាល់ អ្នកសារព័ត៌មាន អ្នកគាំទ្រ និងអតិថិជន របស់វីតាល់ ប្រមាណជា៥០នាក់។
នេះជាលើកទី២ ដែលវីតាល់ ចាប់ដៃគូសហការជាមួយភាពយន្ដមនុស្សពីងពាង ខ្សែស្រឡាយ Homecoming បន្ទាប់ពីទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជន ក្នុងកិច្ចសហការលើកទី១ ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ២០១៩កន្លងទៅ។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់ នឹងកេសផលិតផលវីតាល់ ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស។ កេសថ្មីវីតាល់រំលេចនូវរចនាបថបែបទាន់សម័យ កាន់តែប្លែកអារម្មណ៍ ជាមួយនឹងរូបតួអង្គមនុស្សពីងពាង តួអង្គ Doctor Strange និងពហុចក្កវាលមិនធ្លាប់មានពីមុនមកនៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាង នូវភាពមហស្ចារ្យ» ឬ “Unmask A Premium Experience” ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនទឹកពិសាវីតាល់ មានចំណាប់អារម្មណ៍ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មីមួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសា ក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក»។
បន្ថែមពីនេះទៀត លោកបានបន្តថា «ក្រៅពីផ្តោតសំខាន់ លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាល តែងតែខិតខំអភិវឌ្ឍជាប្រចាំ លើប្រណិតភាពថ្មី ប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិត ទាន់សម័យ និងភាពងាយស្រួល ដើម្បីឱ្យសមស្របតាមតម្រូវការប្រើប្រាស់របស់អតិថិជន នាពេលបច្ចុប្បន្ន»។
យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និងប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំងប្រទេសបានស្គាល់រូបរាងកេសដ៏ ល្អអស្ចារ្យមួយនេះ។
គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel Studio ដោយមានការចូលរួមសម្ដែង ពីតារាភាពយន្តហូលីវូដ ជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះតទៅ៕
អំពីខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត»
ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួនជួបហានិភ័យជាច្រើន។ នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប៍ ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។
ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D’Esposito, Victoria Alonso, JoAnn Perritano, Rachel O’Connor, Avi Arad និង Matt Tolmach ។ ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei ។