រាជធានីភ្នំពេញ៖…
វីតាល់ និងមីជាតិឧបត្ថម្ភគម្រោងជំរុញអភិវឌ្ឍផ្នែកទេសចរណ៍រមណីយដ្ឋាន៖ “ដំណើរផ្សងព្រេងទិសដៅថ្មលយ”
ដើម្បីចូលរួមទៅដល់ការជំរុញអភិវឌ្ឍន៍ផ្នែកទេសចរណ៍រមណីយដ្ឋានក្នុងស្រុក ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានចូលរួមឧបត្ថម្ភធំលើគម្រោង “ដំណើរផ្សងព្រេងទិសដៅថ្មលយ” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែមករា ឆ្នាំ២០២២ នៅទីតាំងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមការរៀបចំរបស់ក្រុមសាស្រ្តាចារ្យ និងនិសិ្សតនៃសាកលវិទ្យាល័យផារ៉ាហ្គន។
គម្រោងនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីយុវជនប្រមាណ៦០នាក់ពីរាជធានីភ្នំពេញ ដើម្បីស្ថាបនាដាក់ស្លាកសញ្ញាបញ្ជាក់ទិសដៅ និងព័ត៌មានសម្រាប់ភ្ញៀវទេសចរណ៍ក្នុងដំណើរឆ្ពោះទៅរមណីយដ្ឋានថ្មលយ។ក្រៅពីចូលរួមឧបត្ថម្ភលើសកម្មភាពខាងលើ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ ក៏បានចូលរួមចែកនូវមីជាតិ និងទឹកពិសាវីតាល់ ទៅដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាចំបក់ ប្រមាណ១២០នាក់ ដែលមានទីតាំងនៅជិតនឹងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យផងដែរ។
នៅក្នុងឱកាសនេះ លោក ហុង សុវណ្ណ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានមានប្រសាសន៍ថា “ក្រុមហ៊ុនទាំងពីរ ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមឧបត្ថម្ភក្នុងគម្រោងរបស់យុវជនមួយនេះ។ នេះ ជាការផ្តួចផ្តើម និងផ្តល់សារៈប្រយោជន៍ទៅដល់ការអភិវឌ្ឍផ្នែកទេសចរណ៍រមណីយដ្ឋានក្នុងស្រុក។ ម៉្យាងទៀត នេះគឺជាឱកាសដ៏ល្អ ដែលក្រុមហ៊ុនឯកជនដូចជាវីតាល់ និងមីជាតិ បានសហការធ្វើការរួមគ្នាជាមួយក្រុមយុវជនក្នុងស្មារតីសាមគ្គី រួបរួមគ្នា និងជឿជាក់តាមរយៈសកម្មភាពលើកស្ទួយទៅដល់កិច្ចការសង្គម។”
លោក ហុង សុវណ្ណ បានបន្ថែមថា “តាមរយៈសកម្មភាពទាំងនេះ ខ្ញុំជឿកជាក់ថា វានឹងជួយសម្រួលទៅដល់ភ្ញៀវទេសចរណ៍ក្នុងដំណើកម្សាន្តទៅទីតាំងថ្មលយឲ្យកាន់តែមានភាពងាយស្រួល និងស្រស់ស្រាយ ជាក់ជាមិនខាន។ ”
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានថ្មលយ មានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានទេសភាពព្រៃភ្នំស្រស់ស្អាត ស័ក្តិសមសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ មិត្រភក្តិ និងបោះតង់ផ្សងព្រេងជាដើម។
ក្នុងនាមជាផលិតផលជាតិ វីតាល់ និងមីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា វីតាល់ និងមីជាតិ ប្តេជ្ញាចិត្តបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា៕